សារថ្នាក់ដឹកនាំ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស ត្រូវពឹងផ្អែកជាចម្បងលើការត្រៀមខ្លួនរបស់សហគ្រិនវ័យក្មេងជំនាន់ក្រោយ និងអ្នកដឹកនាំសហគ្រាសធុនតូច និងមធ្យម។ បេសកកម្មរបស់សមាគម គឺដើម្បីកសាងបរិយាកាសសហគ្រិនភាពដែលផ្តល់សិទ្ធិអំណាច និងផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម ជាពិសេសសមាជិកសមាគម ឱ្យរីកចម្រើន អាចពង្រីកអាជីវកម្មរបស់ខ្លួន និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងនាមជាសហគ្រិនវ័យក្មេង យើងមិនត្រឹមតែកសាងឱកាសអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការច្នៃប្រឌិត នវានុវត្តន៍ បង្កើតឱកាសការងារ និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលវិនិយោគដ៏ទាក់ទាញបំផុតមួយនៅក្នុងតំបន់។

ក្នុងនាមជាប្រធានសមាគម ខ្ញុំពិតជាមានកិត្តិយសចំពោះការជឿទុកចិត្ត និងការគាំទ្រមកកាន់រូបខ្ញុំ។ ហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំ និងជាអ្នកបម្រើ ខ្ញុំសន្យាព្យាយាមបង្កើតប្រយោជន៍ដល់សមាជិកទាំងអស់របស់សមាជិកសមាគម និងប្រទេសជាតិដោយអស់ពីចិត្ត និងអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ ខាង​ក្រោម​នេះ​ជា​អាទិភាព​សំខាន់​របស់​ខ្ញុំ៖

១. កសាងបណ្តាញសមាគមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រីកសកម្មភាព តភ្ជាប់សេដ្ឋកិច្ច និងបង្កើតសាខាសមាគម និងការិយាល័យតំណាងបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឈានទៅសម្រេចបានចំនួនសមាជិក ១,៥០០ នាក់នៅត្រឹមឆ្នាំ ២០២៦។

២. ផ្សព្វផ្សាយ និងជួយបង្កើតវេទិកាផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់សមាជិកទៅកាន់សមាជិកដូចគ្នា និងដៃគូសក្តានុពលផ្សេងទៀត ក្នុងស្រុក និងអន្តរជាតិ។

៣. ការកសាងស្មារតីដោយផ្តោតលើសមាជិកជាចម្បង តាមរយៈការគាំទ្រការអភិវឌ្ឍជំនាញអាជីវកម្ម លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការពង្រីកទីផ្សារដល់សមាជិក ព្រមទាំងធ្វើជាតំណាងឱ្យសំឡេងរបស់សមាជិកជាមួយភាគីពាក់ព័ន្ធ។

៤. ក្លាយជាសមាគមសកម្មឈានមុខគេ ដោយសហការជាមួយដៃគូឯកជន សាធារណៈ និងអន្តរជាតិ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលសហគ្រិនវ័យក្មេងអាចអភិវឌ្ឍ និងរីកចម្រើនបាន។ យើងនឹងកសាងអ្នកដឹកនាំធុរកិច្ចកម្ពុជាជំនាន់ក្រោយ ត្រៀមខ្លួនដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។

៥. កសាងភាពធន់ និងកំណើន ដោយការវិនិយោគលើទិសដៅយុទ្ធសាស្ត្រដែលច្បាស់លាស់ និងរឹងមាំរបស់សមាគម។ យើងនឹងពង្រឹងខ្លួន ឱ្យកាន់តែមានសមត្ថភាព តាមរយៈការសិក្សាស្រាវជ្រាវ និងក្លាយជាស្ថាប័នដែលមានធនធាន ដើម្បីគាំទ្រដល់អ្នកដឹកនាំជំនាន់ថ្មី និងសហគ្រិនវ័យក្មេង។ ភាពជោគជ័យរបស់អ្នកនៅថ្ងៃនេះ នឹងជំរុញដល់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត។

ទាំងនេះគឺជាគោលការណ៍រួមដែលកំពុងជំរុញសមាគម ហើយខ្ញុំប្តេជ្ញាចិត្តអនុវត្តឱ្យអស់ពីសមត្ថភាព។ ដូច្នេះ បងប្អូន​សហគ្រិន​ទាំងអស់ សូម​សហការ​គ្នា​ដើម្បី​កសាង​កម្លាំង​រួបរួម​គ្នា​ ដើម្បី​ភាព​រីកចម្រើន ហើយជំរុញប្រទេសជាតិយើងឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ច។

ត្រៀមខ្លួនចូលរួមជាមួយ ស.ស.វ.ក.

ការចូលរួមជាសមាជិកភាពរបស់សមាគម លោកអ្នកនឹងអាចផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយសហគ្រិន ម្ចាស់អាជីវកម្ម អ្នកវិនិយោគ និងដៃគូដ៏មានសក្តានុពលជាច្រើន ព្រមទាំងស្ថាប័នឬភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ដើម្បីជួយជំរុញឱ្យមានកិច្ចសហការ និងភាពរីកចម្រើនក្នុងអាជីវកម្ម។ ចូលរួមផ្លាស់ប្ដូរចំណេះដឹងក្នុងចំណោមម្ចាស់អាជីវកម្ម និងឱកាសទទួលបានជំនួយ និងពានរង្វាន់ផ្សេងៗ។ ពង្រឹងជំនាញគ្រប់គ្រងអាជីវកម្ម និងពង្រីកទីផ្សារ តាមរយៈការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងដំណើរអាជីវកម្មអន្តរជាតិ។ បង្កើតភាពជាដៃគូថ្មី និងការបណ្តាក់ទុនរួមគ្នា ដើម្បីពង្រីកលទ្ធភាព និងស្វែងរកទីផ្សារថ្មីៗក្នុងការវិនិយោគ។ ចូលរួមផ្ដល់មតិយោបល់សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចកម្ពុជា នៅលើវេទិកាជាតិ និងលើឆាកអន្តរជាតិ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំទាំងក្នុងប្រទេស និងតំបន់។

ព័ត៌មានថ្មីៗ

ជំនួបសហគ្រិន និងម្ចាស់អាជីវកម្ម លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការបង្កើនជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសកម្ពុជា”

July 25, 2025

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) រៀបចំកម្មវិធី “ជំនួបសហគ្រិន និងម្ចាស់អាជីវកម្ម លើកទី៣ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ការបង្កើនជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសកម្ពុជា” ស្ថិតនៅសណ្ឋាគារ Wyndham Grand Phnom Penh Capital ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសកម្ពុជា ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្ដែងពីវាគ្មិនជំនាញៗ អំពីវិធីសាស្រ្តដែលមានប្រសិទ្ធភាពសម្រាប់ការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីបង្កើនសក្ដានុពលរបស់ខ្លួន និងភាពប្រកួតប្រជែងក្នុងស្រុក និងតំបន់។

A keynote speaker addresses a large audience of entrepreneurs at the 3rd Young Entrepreneurs Gathering 2025 in Phnom Penh, an event by YEAC and CCC focused on digital skills and AI.

ជំនួបសហគ្រិន និងម្ចាស់អាជីវកម្មនេះ ក៏ទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល(DEBC) ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយភាពរឹងមាំនៅកម្ពុជា។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការចាប់យកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) លែងជាជម្រើស ឬកត្តាបន្ទាប់បន្សំទៀតហើយ ប៉ុន្តែជាភាពចាំបាច់ដែលសហគ្រិនត្រូវចាប់យក និងសម្របខ្លួន ដើម្បីវឌ្ឍនភាព និងនិរន្តរភាពអាជីវកម្ម។

ថ្លែងក្នុងកម្មវិធីជំនួបម្ចាស់អាជីវកម្មនេះ ថ្នាក់ដឹងនាំទាំងបីរូប រួមមាន ឯកឧត្ដមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ទាំងអង្គការមិនមែនរដ្ឋាភិបាល និងសហគ្រាសឯកជននៅកម្ពុជា ត្រូវរួមគ្នាអភិវឌ្ឍសមត្ថភាព ផ្នែកចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិតដើម្បីតាមទាន់ដំណើរវិវត្តដ៏លឿនរហ័សនៃយុគសម័យឌីជីថលបច្ចុប្បន្ន។ ឌីជីថលភាវូបនីយកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិចដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលបច្ចុប្បន្ននេះ។ អាជីវកម្មគួរចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការអាជីវកម្ម ទីផ្សារ និងទំនាក់ទំនងជាមួយអតិថិជន។

Leaders and members of the Young Entrepreneurs Association of Cambodia (YEAC) and the Committee for Cooperation for Cambodia (CCC) at the Digital Skills and AI for Cambodian Enterprises gathering.

ជំនួបម្ចាស់អាជីវកម្មនេះ ក៏មានកិច្ចពិភាក្សាតុមូល ដោយមានការចែករំលែកពីវាគ្មិនជំនាញៗច្រើនរូប មកពីស្ថាប័នរដ្ឋ និងឯកជន ដោយបានផ្ដោតទៅលើទិដ្ឋភាពទូទៅនៃវិស័យឌីជីថលនៅកម្ពុជា បទពិសោធជាក់ស្តែង ដំណើរចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រីកទីផ្សារ បង្កើនការផលិត និងសេវាកម្មថ្មីៗ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង។ កិច្ចពិភាក្សានេះក៏បានផ្ដល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាចុងក្រោយបំផុត ឱកាសថ្មីៗ និងបញ្ហាប្រឈមនានា ព្រមទាំងដំណោះស្រាយជាក់ស្តែងដែលអាចអនុវត្តបាន។

Attendees and speakers stand in respect during the opening of the 3rd Young Entrepreneurs Gathering 2025, an event by YEAC and CCC in Phnom Penh for Cambodian entrepreneurs.

ទន្ទឹមនឹងនេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាស្ថាប័នតំណាងវិស័យឯកជន និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលជាស្ថាប័នតំណាងអង្គការមិនមែនរដ្ឋាភិបាល បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ការគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈគម្រោងរួមគ្នា និងកម្មវិធីបណ្តុះបណ្តាលនានា ស្ថាប័នទាំងពីរនឹងបន្តផ្តល់នូវចំណេះដឹង បទពិសោធ និងធនធានចាំបាច់ ដើម្បីជួយសមាជិករបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ក៏ដូចជាការពង្រីកបណ្តាញអាជីវកម្ម និងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសេវាគាំទ្រផ្សេងៗទៀត។

Cambodian entrepreneurs networking during a coffee break at the 3rd Young Entrepreneurs Gathering 2025, an event by YEAC and CCC on digital skills and AI.

វគ្គបណ្ដុះបណ្ដាលស្ដីពី “របៀបព្យាករណ៍ហិរញ្ញវត្ថុ”

July 12, 2025

នៅថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “របៀបព្យាករណ៍ហិរញ្ញវត្ថុ” ទៅដល់សហគ្រិន និងម្ចាស់អាជីវកម្មចំនួន ៥០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះបានចែករំលែក ដោយលោក ចាន់វាសនា នាយកគ្រប់គ្រង អេ ភី វី (ខេមបូឌា) ខូអិលធីឌី និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ បន្ថែមលើនេះ លោក ស៊ឹម ច័ន្ទគិរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តក្រុមហ៊ុន Banhji Fintech និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានអញ្ចើញជាវាគ្មិនកិត្តិយស ចែករំលែកអំពីខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុផងដែរ។

A presenter at a Khmer Enterprise workshop explains operating expenses and industry benchmarks for SMEs to an audience of Cambodian entrepreneurs.

វគ្គបណ្ដុះបណ្ដាលនេះមានការចែករំលែកយ៉ាងលម្អិត ពាក់ព័ន្ធទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ ការវិភាគរបាយការណ៍លទ្ធផល តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ ការវិភាគសមាមាត្រ ដែលទាំងអស់នេះសុទ្ធសឹងតែជាចំណេះដឹងមូលដ្ឋានដែលសហគ្រិន និងម្ចាស់អាជីវកម្ម ត្រូវយល់ដឹង ដើម្បីអាចធ្វើការព្យាករណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ ជាពិសេសការត្រៀមខ្លួន និងមធ្យោបាយដោះស្រាយបញ្ហានៅពេលលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនជួបបញ្ហារាំងស្ទះ។

A speaker presents a case study on "SME Solutions Ltd." to Cambodian entrepreneurs during a business strategy workshop.

គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

គាំទ្រដោយ៖
– សហគ្រិនខ្មែរ
ឧតម្តម្ភដោយ៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
– ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
– ធនាគារ អេស៊ីលីដា ភីអិលស៊ី
– ធនាគារ កាណាឌីយ៉ា
– នាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

វគ្គបណ្ដុះបណ្ដាលស្ដីអំពី “គោលការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ”

July 10, 2025

នៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “គោលការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ” ទៅដល់សហគ្រិន និងម្ចាស់អាជីវកម្មចំនួន ៤៨ នាក់។ វគ្គបណ្ដុះបណ្ដាលនេះបានចែករំលែក ដោយលោក ស៊ឹម ច័ន្ទគិរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តក្រុមហ៊ុន Banhji Fintech និងអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

Mr. Sim Chankiriroth, Vice President of YEAC, pointing to a diagram on an interactive whiteboard that explains the financial reporting period and approval process during a training session for Cambodian entrepreneurs.

វគ្គបណ្ដុះបណ្ដាលនេះមានការចែករំលែកយ៉ាងលម្អិត ពាក់ព័ន្ធទៅនឹងការបង្កើតគោលនយោបាយហិរញ្ញវត្ថុសម្រាប់សហគ្រាស ដោយផ្ដោតសំខាន់ទៅលើនីតិវិធីបែងចែកសិទ្ធិសម្រេចទៅលើប្រភេទប្រតិបត្តិការហិរញ្ញវត្ថុរបស់សហគ្រាស ដែលក្នុងនោះរួមមាន សិទ្ធិរៀបចំ សិទ្ធិត្រួតពិនិត្យ និងសិទ្ធិអនុម័តលើការទិញលក់ កម្ចី និងចំណាយចំណូលជាច្រើនផ្សេងទៀតដែលកើតមាននៅក្នុងក្រុមហ៊ុនជាប្រចាំ។

Mr. Sim Chankiriroth, Vice President of YEAC, pointing to a diagram on an interactive whiteboard that explains the financial reporting period and approval process during a training session for Cambodian entrepreneurs.

គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

គាំទ្រដោយ៖
– សហគ្រិនខ្មែរ
ឧតម្តម្ភដោយ៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
– ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
– ធនាគារ អេស៊ីលីដា ភីអិលស៊ី
– ធនាគារ កាណាឌីយ៉ា
– នាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

វីឌីអូថ្មីៗ

ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន៖ វេទិកាសហគ្រិនវ័យក្មេងឆ្នាំ២០២៤

Jun 23,2025

តើអ្វីទៅជាទុនបង្វិលរបស់អាជីវកម្ម?

Jun 23,2025

៣ គន្លឹះសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការនិយាយជាសាធារណៈ

Jun 23,2025

Due Diligence ជាអ្វី? តើក្រុមហ៊ុនត្រូវធ្វើ Due Diligence នៅពេលណា?

Jun 23,2025

ដៃគូសហការ

ដៃគូឧបត្ថម្ភ

សេចក្ដីជូនដំណឹង

ទិវាសហគ្រិនភាពកម្ពុជា ២០២៤

Nov 06,2024

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កំពុងសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ℹ️ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

ត្រៀមខ្លួនដើម្បីចូលរួមអបអរសាទរទាំងអស់គ្នា❕

ព័ត៌មានបន្ថែម

ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 21,2022

សូមជម្រាបសួរនិងគោរពអញ្ជើញ សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា”។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន៖

ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អ្នកឧកញ៉ា គិត ម៉េង និងលោក ស៊ាង សុបញ្ញា និងកម្មវិធីសម្ពោធដាក់ដំណើរការផែនការយុទ្ធសាស្ត្រសហគ្រិនវ័យក្មេងអាស៊ាន២០២៥
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាទី១៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត និងកម្មវិធីសម្ពោធដាក់ដំណើរការ Mobile App សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Association App – ASEAN Entrepreneurs Connect)
– កិច្ចពិភាក្សាទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ាន
* បទបង្ហាញពីកម្មវិធីសម្រាប់បង្កើនជំនាញនៅក្នុងអាស៊ាន

ថ្ងៃទី២៖
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងគាំទ្រពាណិជ្ជកម្មលើសពីអាស៊ាន
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន ពិធីផ្ទេរដំណែងប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងប្រកាសបិទកម្មវិធីដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ  https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 12,2022

សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។

របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org

ពត៌មានបន្ថែម៖ www.ayec.org/