រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) រៀបចំកម្មវិធី “ជំនួបសហគ្រិន និងម្ចាស់អាជីវកម្ម លើកទី៣ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ការបង្កើនជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសកម្ពុជា” ស្ថិតនៅសណ្ឋាគារ Wyndham Grand Phnom Penh Capital ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសកម្ពុជា ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្ដែងពីវាគ្មិនជំនាញៗ អំពីវិធីសាស្រ្តដែលមានប្រសិទ្ធភាពសម្រាប់ការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីបង្កើនសក្ដានុពលរបស់ខ្លួន និងភាពប្រកួតប្រជែងក្នុងស្រុក និងតំបន់។
ជំនួបសហគ្រិន និងម្ចាស់អាជីវកម្មនេះ ក៏ទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល(DEBC) ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយភាពរឹងមាំនៅកម្ពុជា។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការចាប់យកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) លែងជាជម្រើស ឬកត្តាបន្ទាប់បន្សំទៀតហើយ ប៉ុន្តែជាភាពចាំបាច់ដែលសហគ្រិនត្រូវចាប់យក និងសម្របខ្លួន ដើម្បីវឌ្ឍនភាព និងនិរន្តរភាពអាជីវកម្ម។
ថ្លែងក្នុងកម្មវិធីជំនួបម្ចាស់អាជីវកម្មនេះ ថ្នាក់ដឹងនាំទាំងបីរូប រួមមាន ឯកឧត្ដមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ទាំងអង្គការមិនមែនរដ្ឋាភិបាល និងសហគ្រាសឯកជននៅកម្ពុជា ត្រូវរួមគ្នាអភិវឌ្ឍសមត្ថភាព ផ្នែកចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិតដើម្បីតាមទាន់ដំណើរវិវត្តដ៏លឿនរហ័សនៃយុគសម័យឌីជីថលបច្ចុប្បន្ន។ ឌីជីថលភាវូបនីយកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិចដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលបច្ចុប្បន្ននេះ។ អាជីវកម្មគួរចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការអាជីវកម្ម ទីផ្សារ និងទំនាក់ទំនងជាមួយអតិថិជន។
ជំនួបម្ចាស់អាជីវកម្មនេះ ក៏មានកិច្ចពិភាក្សាតុមូល ដោយមានការចែករំលែកពីវាគ្មិនជំនាញៗច្រើនរូប មកពីស្ថាប័នរដ្ឋ និងឯកជន ដោយបានផ្ដោតទៅលើទិដ្ឋភាពទូទៅនៃវិស័យឌីជីថលនៅកម្ពុជា បទពិសោធជាក់ស្តែង ដំណើរចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រីកទីផ្សារ បង្កើនការផលិត និងសេវាកម្មថ្មីៗ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង។ កិច្ចពិភាក្សានេះក៏បានផ្ដល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាចុងក្រោយបំផុត ឱកាសថ្មីៗ និងបញ្ហាប្រឈមនានា ព្រមទាំងដំណោះស្រាយជាក់ស្តែងដែលអាចអនុវត្តបាន។
ទន្ទឹមនឹងនេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាស្ថាប័នតំណាងវិស័យឯកជន និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលជាស្ថាប័នតំណាងអង្គការមិនមែនរដ្ឋាភិបាល បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ការគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈគម្រោងរួមគ្នា និងកម្មវិធីបណ្តុះបណ្តាលនានា ស្ថាប័នទាំងពីរនឹងបន្តផ្តល់នូវចំណេះដឹង បទពិសោធ និងធនធានចាំបាច់ ដើម្បីជួយសមាជិករបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ក៏ដូចជាការពង្រីកបណ្តាញអាជីវកម្ម និងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសេវាគាំទ្រផ្សេងៗទៀត។