នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការវាយតម្លៃអាជីវកម្ម” ទៅដល់សហគ្រិន និងម្ចាស់អាជីវកម្មចំនួន ៣០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមចែករំលែកដោយលោក ចាន់ វាសនា នាយកគ្រប់គ្រង អេ ភី វី (ខេមបូឌា) ខូអិលធីឌី អ្នកស្រី ជុន សុថានី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិមវីយូ អិនវេសមេន ម.ក. លោក ថៃ ញ៉ា អគ្គនាយកក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា និងលោក ខូវ អេងឡេង ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Emerging Markets Investment Advisers។
វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់ទៅលើវិធីសាស្ត្រវាយតម្លៃអាជីវកម្ម ដែលមានបីសំខាន់ៗគឺ វិធីសាស្រ្តប្រៀបធៀបទីផ្សារ វិធីសាស្រ្តគណនាតាមរយៈទ្រព្យសកម្ម និងវិធីសាស្រ្តគណនាតាមរយៈចំណូលនាពេលអនាគតដែលអាជីវកម្មអាចបង្កើតបាន។ គ្រូបណ្ដុះបណ្ដាលក៏បានបង្ហាញលម្អិតពីរូបមន្តសំខាន់ៗមួយចំនួន វិធីសាស្ត្រស្វែងរកទិន្នន័យចាំបាច់ និងឧទាហរ៍ជាក់ស្តែងដើម្បីឱ្យអ្នកចូលរួមបានយល់ច្បាស់ពីរបៀបគណនា និងវិភាគទៅលើកត្តាផ្សេងៗដែលមិនអាចប្រើប្រាស់តួលេខដើម្បីគណនាបាន។
បន្ថែមលើនេះ អ្នកចូលរួមក៏បានស្វែងយល់បន្ថែមពីសារៈសំខាន់នៃសមត្ថភាពចរចាជាមួយវិនិយោគិន ឬជាមួយម្ចាស់ក្រុមហ៊ុនដែលចង់លក់ ព្រមទាំងគន្លឹះរៀបចំយុទ្ធសាស្រ្តបង្កើនតម្លៃអាជីវកម្មមុននឹងសម្រេចចិត្តទទួលអ្នកវិនិយោគ។ វគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តល់ជាចំណេះ ជំនាញ បទពិសោធ និងការសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែម្ចាស់អាជីវកម្មក៏បានយល់ដឹងអំពីមូលហេតុ និងអត្ថប្រយោជន៍នៃការវាយតម្លៃអាជីវកម្ម មុនឈានទៅដល់ការសម្រេចចិត្តជាយុទ្ធសាស្រ្តនៅថ្ងៃអនាគត។
គាំទ្រដោយ៖ សហគ្រិនខ្មែរ