វេទិកាតុមូលសម្រាប់វិស័យឯកជនស្តីពី កិច្ចព្រមព្រៀងដំឡើងកម្រិត​ AANZFTA

April 30, 2025

នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ច ​ក្នុងវេទិកាតុមូលសម្រាប់វិស័យឯកជនស្តីពី “កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ឆ្នាំ២០២៥” ដោយមានការរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ដើម្បីលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន និងការទាញយក អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដំឡើងកម្រិត AANZFTA នៅកម្ពុជា។ កិច្ចពិភាក្សានេះបានផ្ដោតសំខាន់ទៅលើថាតើក្រុមហ៊ុននាំចេញសេវាកម្ម ក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក អាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងដំឡើងកម្រិត AANZFTA ដោយរបៀបណា?

ក្នុងកិច្ចពិភាក្សា​ ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងពី​សារៈសំខាន់នៃការអភិវឌ្ឍគុណភាពសេវាកម្មឱ្យកាន់តែមានភាពប្រកួតប្រជែងរបស់សហគ្រិន និងម្ចាស់សហគ្រាស​ដែលកំពុងនាំចេញសេវាកម្ម និងកំពុងត្រៀមខ្លួនពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីអាចចាប់យកឱកាសទីផ្សារពិភពលោក និងរួមចំណែកដល់ការផ្សព្វផ្សាយពីសក្ដានុពលផលិតផល និងសេវាកម្មកម្ពុជា។ បន្ថែមលើនេះ ឧកញ៉ា ក៏បានបន្ថែមផងដែរអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងដៃគូអាជីវកម្មក្នុងស្រុក និងក្រៅស្រុក ព្រមទាំងស្ថាប័នតំណាងវិស័យឯកជន តាមរយៈការព្រមព្រៀងក្នុងទម្រង់ណាមួយ ដូចជាការចុះអនុស្សរណៈនៃការយោគយល់ជាដើម ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម ឱ្យកាន់តែមានភាពងាយស្រួល និងលឿនរហ័សជាងមុន។

វេទិកាតុមូលសម្រាប់វិស័យឯកជននេះ មានគោលបំណងសំខាន់ក្នុងការជំរុញធុរកិច្ចកម្ពុជាឱ្យចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដំឡើងកម្រិត AANZFTA តាមរយៈការផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម អាចផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងលើការនាំចេញទៅកាន់ទីផ្សារអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។